សុភមង្គលគ្រួសារ



  • គ្រួសារនីមួយៗតែងតែប្រថ្នាចង់បានភាពសុខដុមរមនារៀងៗខ្លួន​ប៉ុន្តែ
    សុភមង្គលក្នុងគ្រួសារ មិនមែនចេះតែរក បានដោយងាយៗនោះទេ។
    គ្រួសារខ្លះក្រខ្សត់តែគេបានរស់នៅជួបជុំឪពុកម្តាយនិងកូនដោយមាន
    សុភមង្គលគ្រួសារ​ខ្លះទៀតបែកបាក់ទាំងគ្រួសារគ្មានទាំងទ្រព្យសម្បត្តិ
    គ្មានអ្វីៗគ្រប់យ៉ាង រីឯគ្រួសារមួយចំនួនទៀតមានមាសប្រាក់លុយឡាន
    ភូមិគ្រឹះដ៏ធំស្កឹមស្កៃ​មានបរិវារឆ្វេងស្តាំទាសីទាសាគ្រប់បែបយ៉ាង តែគ្មាន
    សុភមង្គលបន្តិចសោះឡើយ។

  • ពាក្យថាគ្រួសារពេញលេញគឺត្រូវមានឪពុកម្តាយនិងកូនរស់នៅជាមួយក្តី
    ស្រលាញ់ ​ ក្តីសន្តោសប្រណីដោយ ចេះចែករំលែកចេះជួយគ្នាទៅវិញទៅ
    មក។ប្តីត្រូវស្គាល់តួនាទីជាប្តី ប្រពន្ធត្រូវស្គាល់តួនាទីជាប្រពន្ធកូនត្រូវស្គាល់
    តួនាទីជាកូន។ សមាជិកគ្រួសារគួរចេះគោរពស្រលាញ់គ្នាទៅវិញទៅមក
    មិនមែនមានន័យថា​ប្តី​ត្រូវខ្លាចប្រពន្ធ ត្រូវខ្លាចប្តីនោះទេ។ ពាក្យថាខ្លាចគឺ
    ខុសពីពាក្យថាគោរពស្រលាញ់។ ប្តីឬប្រពន្ធត្រូវដឹងទុក្ខធុរៈគ្នាទៅវិញទៅមក
    ត្រូវចេះស្វែងយល់ពីអារម្មណ៍គ្នាទៅវិញទៅមក។ លើសពីនេះទៀតការរក្សា
    ភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាគឺជាប្រការសំខាន់នៃសុភមង្គល។

ប្រការគួរចៀសវាង


  • សូមកុំព្យាយាមដើរទៅរកផ្លូវបែកបាក់។ ពិតមែនថាបើយើង
    មិនអាចនៅចុះសំរុងគ្នាគួរដើរចេញពីគ្នា​តែគួរគិតដល់ជីវិតនិងអនាគតកូនៗ
    ផងថាតើអត់ពីយើងទៅ​ តើអោយពួកគេរស់នៅយ៉ាងដូចម្តេចកើតតើជីវិត
    ពួកគេប្រែជាយ៉ាងណាបើឪពុកម្តាយបែកគ្នា។ មុននឹងសំរេចចិត្តថាបែកគ្នា
    គួររិះគិតពិចារណានិងរំលឹក រាល់អនុស្សាវរីយ៍ដែល ជូរចត់កម្សត់កម្រជា
    មួយគ្នាពីមុនមកដើម្បីផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ឡើងវិញ។
  • មិនគួរមើលងាយខាងណាមួយថាអន់ជាងខ្លួន។ទោះប្តីឬប្រពន្ធមានថានៈ
    បុណ្យសក្តិឬចំនេះវិជ្ជាតូចទាបជាងខ្លួនក៏ដោយមិនគួរ​ មើលងាយមើល
    ថោកគ្នាទៅវិញទៅមកទេ។ គួរគិតថាបើយើងសំរេចចិត្តសាងគ្រួសារជា
    មួយគេហើយគួរណាចេះសន្តោសប្រណីគ្នា។

  • មួយវិញទៀតមិនត្រូវគិតតែពីសាច់ញាតិខ្លួនតែម្ខាងៗ(ខាងប្រុសឬខាងស្រី)។

  • ជាធម្មតាទេយើងរាល់គ្នាសុទ្ធតែមានបងប្អូនញាតិសន្តានដែលត្រូវជួយទំនុក
    បំរុង​និងបីបាច់ថែរក្សាដោយចៀសមិនផុត។យើងស្រលាញ់បងប្អូនយើង
    គេក៏ស្រលាញ់បងប្អូនគេ​ តែមិនគួរយករឿងបងប្អូនមកបង្ករជារឿងឈ្លោះ
    ប្រកែកហើយក៏មិនត្រូវធ្វើជា​ មនុសត្រចៀកស​ស្តាប់ការចាក់រុកការនិន្ទារ
    ឈ្នានីសមុសាផ្សេងៗពីអ្នកដទៃ​វាប្រៀបបានជាពាក្យថានាំភ្លើងចូលក្នុងផ្ទះ
    អញ្ចឹង។

  • មិនគួរយកលុយដឹកមុខយកលុយជាធំគ្រប់រឿងនោះឡើយ។ លុយវាពិតជាសំខាន់ណាស់តែវាក៏អាចបំផ្លាញសុភមង្គលក្នុងគ្រួសារ
    បាន​បើយើងមិនចេះប្រើប្រាស់វាឲបានត្រឹមត្រូវឬក៏ប្រើប្រាស់វាក្នុងផ្លូវខុស។

សួរថាតើនរណាម្នាក់មិនចង់រស់នៅដោយសប្បាយចិត្ត?អ្នកណា មិនចង់បានគ្រួសារល្អ?តើបើយើងចង់បានហើយវាច្បាស់ថាបានដូចចិត្តទេ?
គេនិយាយថាសាលាថាមិនងាយដូចសាលាអនុវត្តទេ។ យើងអាចនិយាយបានប៉ុណ្ណេះតែបើយើងអនុវត្តបានតែ៦០%​ ក៏វាជាការប្រសើរប៉ុនពេកណាស់ទៅហើយ។ អនុវត្តបានប៉ុណ្ណាក៏ដោយអោយតែយើងដឹងទុកក្នុងចិត្ត ក៏វាប្រសើរជាងធ្វើជាមនុស្សមោឃ​មិនដឹងអីសោះ។
មែនវាមិនប្រាកដថាបានដូចចិត្តមែនតែបើយើងព្យាយាមតាំងចិត្តធ្វើអ្វីមួយ ដោយក្តីសង្ឃឹមនិងភាពជឿជាក់នោះលទ្ធផលនឹងមិនក្លាយជាអវិជ្ជមានទាំងស្រុងនោះឡើយ។ ហើយបើយើងម្នាក់ៗតាំងចិត្តថារៀបចំគ្រួសារមួយសំរាប់ខ្លួនឯងហើយគួរណា​ ព្យាយាមការពារគ្រួសារមួយនេះឲមានសុភមង្គល។ធ្វើជាប្តីល្អជាប្រពន្ធល្អជាសមាជិកគ្រួសារល្អ និងធ្វើជាគំរូល្អដល់កូនៗនិងអ្នកដទៃ។
ប៉ុន្មានចំនុចខាងលើនេះគ្រាន់តែជាចំនុចខ្លះៗដែលទាក់ទងនឹងសុភមង្គលគ្រួសារ។ ពិតមែនថាវាមិនទាន់បានរៀបរាប់គ្រប់ចំនុចគ្រប់ជ្រុងជ្រោយតែវា​ ក៏ជាចំនុចសំខាន់ៗនៃជីវិតគ្រួសារ។សង្ឃឹមថាបើអ្នកសំរេចចិត្តចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ របស់អ្នកហើយ អ្នកនឹងទទួលបាន​គ្រួសារល្អមួយ​ជាគំរូដល់អ្នកផងទាំងពួងជាឪពុកល្អជាម្តាយល្អ។

ពិភាក្សាករណីមួយ៖ ​មានស្វាមីភរិយាមួយគូមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នា។ ប្តីមិនសូវមានពេលសំរាប់គ្រួសារមិនសូវមានជជែកលេង ជាមួយកូនប្រពន្ធ មិនសូវ បំពេញកាតព្វកិច្ចជាប្តីមិនស្មោះត្រង់នឹងប្រពន្ធនៅពេលដែលគាត់មានពេលសំរាប់គ្រួសារ គឺប្រពន្ធមិនសូវជាសប្បាយចិត្តមិនសូវគោរពគាត់ដូច្នេះបុរសនោះគាត់ក៏ចាប់ផ្តើមរិះគន់ ពីប្រពន្ធរបស់គាត់ថាមិនព្រមធ្វើអ្វីតាមគាត់បញ្ជានិងមិនគោរពគាត់។
មានសំនួរមួយសួរថាហេតុអ្វីក៏ប្រពន្ធត្រូវស្តាប់តាមនិងធ្វើតាមបញ្ជាគាត់?
ចំលើយគឺបុរសគឺជាចៅហ្វាយនាយបរុសជាមេគ្រួសារបុរសជាអ្នកបង្គាប់បញ្ជា។

ចម្លើយខុសទាំងស្រុង!
ដើម្បីឲគេគោរពអ្នកអ្នកគួរតែគោរពស្រលាញ់គេមុនអ្នកត្រូវតែបំពេញតួនាទី ជាស្វាមីជាមេគ្រួសារនិងចេះគិតពីអារម្មណ៍របស់អ្នកដែលនៅជុំវិញខ្លួនផង​ ទើបគ្រួសារផ្តល់ភាពកក់ក្តៅឲអ្នកវិញ។បើមិនដូច្នោះទេនេះគេមិនហៅថាគ្រួសារឡើយ។ មានករណីផ្សេងៗទៀតតែមិនអាចរៀបរាប់អស់!
សូមបញ្ជាក់ថាអត្ថបទនេះសរសេរឡើងតាមតថភាពសង្គមខ្មែរមិនមានអំណះអំណាងអ្វី ​ច្បាស់លាស់ហើយក៏មិនមែនជាអត្ថបទរបស់អ្នកជំនាញការអ្វីមួយដែរ។ គោលបំណងក្នុងការសរសេរអត្ថបទនេះគឺគ្រាន់តែជាការចែករំលែកមតិយោបល់​ និងចំណេះដឹងផ្សេងៗដែលទាក់ទងនឹងជីវិតគ្រួសារក្នុងសង្គមខ្មែរទូទៅប៉ុណ្ណោះ។
អ្នកអាចបញ្ចេញមតិរិះគន់ឬការយល់ឃើញផ្សេងៗដោយសេរី។